តើត្រូវមានលុយប៉ុន្មានទើបធ្វើឲ្យមនុស្សសប្បាយចិត្ត? សំនួរនេះ ស្តាប់មួយភ្លែតដូចជាគួរឲ្យអស់សំណើច ខណៈដែលជាទូទៅគេអាចយល់បានថា នៅលើលោកយើងនេះអ្នកណាក៏ចង់មានលុយ ហើយបើមានកាន់តែច្រើនគឺកាន់តែល្អ។ ក៏ប៉ុន្តែអ្វីដែលសំនួរនេះត្រូវបានលើកយកពិភាក្សា គឺគេចង់រកឲ្យឃើញថា តើលុយវាមានទំនាក់ទំនងយ៉ាងដូចម្តេចទៅនឹងភាពសប្បាយរីករាយសុភមង្គលនៃជីវិតរបស់មនុស្សម្នាក់ៗ?
ចម្ងល់នេះត្រូវបានបកស្រាយដោយលោកស្រីសាស្ត្រាចារ្យ Elizabeth Dunn មកពីសាកលវិទ្យាល័យ British Columbia នៃប្រទេសកាណាដា។ លោកស្រីបានស្រាវជ្រាវរកឃើញថា បើគេនិយាយពីជីវិតដ៏រីករាយមួយរបស់មនុស្សម្នាក់ គេគួរតែផ្ដោតទៅលើអ្វីមួយដែលបុគ្គលនោះសប្បាយចិត្តទៅអ្វីដែលខ្លួនកំពុងមាន ឬ អ្វីដែលខ្លួនកំពុងធ្វើ ជាជាងសួរខ្លួនឯងថា រកលុយច្រើនបានប៉ុន្មានហើយ។
លោកស្រីសាស្ត្រាចារ្យ Dunn បានរកឃើញថា មនុស្សចំណូលកណ្តាលដែលមានស្តង់ដាររស់នៅខ្ពស់ សប្បាយចិត្តជាងអ្នកក្រ។ ប៉ុន្តែនៅសង្គមអាមេរិកអ្នកដែលរកលុយបានច្រើនជាង ៧៥ ០០០ ដុល្លារក្នុងមួយឆ្នាំ មិនបានធ្វើឲ្យភាពសប្បាយរីករាយរបស់ពួកគេកើនឡើងនោះ ឡើយ។ អ្នកទាំងនោះនិយាយថា ចំណូលគ្រួសារកើនឡើងគឺវាជាប់ទាក់ទងទៅនឹងទម្លាប់ល្អៗរាល់ថ្ងៃជាមូលដ្ឋានរបស់ពួកគេម្នាក់ៗ ប៉ុន្តែបើនិយាយពីឥទ្ធិពលវិជ្ជមានរបស់លុយទៅលើគ្រួសារវិញ បានធ្លាក់ចុះនៅពេលដែលប្រាក់ចំណូលកើនលើសពី ៧៥ ០០០ ដុល្លារ។
លោកស្រីសាស្ត្រាចារ្យ Dunnបានបន្ថែមថា ជាការពិតមានលុយកាន់តែច្រើន អាចកាន់តែធ្វើឲ្យមានសុភមង្គល ប៉ុន្តែរឿងនេះវាកើតមានទៅបាន ដរាបណាអ្នកហ៊ានចំណាយលុយដើម្បីអ្នកដទៃ ច្រើនជាងខ្លួនឯង។ ឧទាហរណ៍ថា អ្នកមានទូរទស្សន៍មួយគ្រឿង ហើយចង់ទិញទូរទស្សន៍២គ្រឿងទៀតទុកមើលតែម្នាក់ឯងដើម្បីឲ្យសប្បាយចិត្តទ្វេឡើង។ ជាលទ្ធផលនេះ វាមិនជួយឲ្យអ្នកសប្បាយចិត្តនោះឡើយ ប៉ុន្តែអ្នកនឹងសប្បាយចិត្តប្រសិនបើអ្នកទិញវាឲ្យអ្នកដទៃដែលគ្មានអ្វីមើលសោះ។
នេះសបញ្ជាក់ឲ្យឃើញថា អ្នកដែលចំណាយលុយដើម្បីខ្លួនឯងកាន់តែតិច និងហ៊ានចំណាយឲ្យអ្នកដទៃកាន់តែច្រើនឡើង បុគ្គលនោះនឹងអាចរកឃើញសុភមង្គលកាន់តែច្រើនឡើងដែរ។ ការចំណាយដើម្បីទិញអ្វីមួយផ្គាប់តែចិត្តខ្លួនឯង វាគឺផ្សារភ្ជាប់ទៅនឹងទង្វើមួយដែលគេហៅថា ជាភាពឡូយឆាយ ខណៈដែលការចំណាយលះបង់ឲ្យអ្នកដទៃ ត្រូវបានគេផ្សារភ្ជាប់ទៅនឹងសកម្មភាពមួយជាទង្វើសប្បុរសធម៌ដែលទទួលស្គាល់ថា ជាបុគ្គលមានគុណធម៌ចំពោះអ្នកដទៃ។
ទាំងការស្រាវជ្រាវ និងទិដ្ឋភាពជាក់ស្តែងគឺគេអាចស្វែងយល់បានថា មនុស្សដែលមានចិត្តសប្បុរស ឬសន្ដានចិត្តល្អ ជាមួយអ្នកដទៃ ទទួលបានអារម្មណ៍ក្តីសុខនៅក្នុងជីវិត។ ការពិសោធន៍របស់លោកស្រីសាស្ត្រាចារ្យ Dunn នៅក្នុងប្រទេសអាមេរិក កាណាដា រហូតដល់ឥណ្ឌា បានរកឃើញថា អ្នកដែលឲ្យលុយអ្នកសុំទាន ទិញរបស់ឲ្យអ្នកខ្សត់ខ្សោយនៅតាមដងផ្លូវ ពួកគេសប្បាយចិត្តជាងអ្នកដែលចូលចិត្តចាយលុយដើម្បីតែក្រពះខ្លួនឯង។
នៅទីបំផុតលទ្ធផលស្រាវជ្រាវនេះបានបញ្ជាក់ថា មិនចំពោះថាអ្នកមានលុយច្រើនប៉ុណ្ណានោះទេ បើអ្នកគ្មានចិត្តទូលាយ បើកបេះដូងចែករំលែកឲ្យអ្នកដទៃឲ្យបានកាន់តែច្រើនទេនោះ ជីវិតរបស់អ្នកក៏មិនសូវជួបភាពសប្បាយរីករាយ និងមានសុភមង្គលនោះដែរ៕
Source: BizKhmer
0 Comments