Random Posts

ឈាន​ដល់​វ័យ២០ជាង គួរ​រៀន​អ្វី​ខ្លះ?



វ័យ​ជាង ២០ គឺ​ជា​វ័យ​មួយ​ដែល​មនុស្ស​ទូទៅ​​មាន​ភាព​ស្មុគស្មាញ​ច្រើន ព្រោះ​​​​ត្រូវ​សិក្សា​​រៀនសូត្រ​​អ្វី​ថ្មីៗ ​ដើម្បី​ត្រៀម​ខ្លួន​រៀបចំ​អាជីព​ការងារ​សម្រាប់​ដំណើរ​ជីវិត​​ដ៏​ជោគជ័យ​មួយ​នា​ពេល​អនាគត​។ ខាងក្រោម​នេះ គឺ​ជា​គន្លឹះ​ខ្លះៗ​សម្រាប់​បង្ហាញ​ផ្លូវ​អ្នក​ដើម្បី​ដឹង​ថា អ្នក​គួរ​រៀន​អ្វី​ខ្លះ​​នៅ​ក្នុង​វ័យ​​នេះ។​
១.រៀន​ជំនាញ​​លក់
ជំនាញ​លក់ គឺ​ជា​ជំនាញ​មួយ​ដែល​សំខាន់​​​​​ប្រសិន​បើ​អ្នក​ចង់​ជោគជ័យ​ហិរញ្ញវត្ថុ។ មិន​ប្រកាន់​ថា អ្នក​ជា​កម្មករ និស្សិត​ច្បាប់ ពេទ្យ ឬ និស្សិត​​វិស្វកម្ម​នោះ​ទេ អ្នក​គួរ​រៀន​ជំនាញ​​មួយ​នេះ​ឲ្យ​បាន​ស្ទាត់​ជំនាញ។ ជំនាញ​នេះ​គឺ​ធ្វើ​ឲ្យ​ខ្លួន​អ្នក​ក្លាយ​ជា​មនុស្ស​មាន​សក្ដានុពល​ និង​​មាន​ប្រៀប​ជាង​អ្នកដទៃ​ ព្រោះ​វា​​ត្រូវ​បាន​យក​ទៅ​ប្រើ​នៅ​ក្នុង​​វិស័យ​ជា​ច្រើន​ដូច​ជា កិច្ចការ​ជំនួញ​ក្នុង​ទីផ្សារ កិច្ចប្រជុំ​ការងារ ផ្តល់​សេវាកម្ម​ជូន​អតិថិជន គ្រប់គ្រង​ផលិតផល អភិវឌ្ឍ​ជំនួញ ។ល។
២. រៀន​​​ប្រឡូក​ក្នុង​សង្គម​​ឲ្យ​បាន​ច្រើន
ព្រោះ​តែ​វ័យ​នេះ​ បទពិសោធន៍​របស់​អ្នក​នៅ​ខ្ចី ស្គាល់​សង្គម​មិន​ទាន់​ច្បាស់ ហេតុដូច្នេះ​ហើយ​អ្នក​ត្រូវ​រៀន​ចូល​ប្រឡូក​ក្នុង​​សង្គម​ឲ្យ​បាន​ច្រើន។ អ្នក​អាច​ចាប់​ផ្តើម​បង្កើត​ទំនាក់ទំនង រៀន​ស្គាល់​មនុស្ស​ថ្មីៗ​ល្អ អាក្រក់ រៀន​​ធ្វើ​ជំនួញ​តូចៗ  រៀន​អង្កេត​ពី​របៀប​​រស់នៅ វប្បធម៌ ​ចូលរួម​កិច្ចការ​សង្គម  រៀន​ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា​​ និង​រៀន​ពី​បញ្ហា​ប្រឈម​នានា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​​​ដើម្បី​​​យក​បទពិសោធន៍​។
៣.រៀន​បង្កើត​​ទំនាក់ទំនង​​ឲ្យ​កាន់តែ​ច្រើន​ជា​មួយ​អ្នក​ជោគជ័យ
អ្នក​ត្រូវ​ចាំ​ថា ​គ្មាន​អ្នកណា​​ម្នាក់​កាត់​ផ្តាច់​ចេញ​ពី​ទំនាក់ទំនង​បាន​ឡើយ។ ដូចនេះ​បើ​អ្នក​ជា​មនុស្ស​ឆ្លាត​ចង់​ជោគជ័យ​ក្នុង​អាជីព​ការងារ​នៅ​ពេល​អនាគត អ្នក​គួរ​រៀន​ពី​មនុស្ស​ជោគជ័យ​ជាង​អ្នក​ដើម្បី​សុំ​បទពិសោធន៍ និង​សុំ​​គំនិត​ពី​បុគ្គល​ទាំង​នោះ​។ អ្នក​​ត្រូវ​ដឹង​ថា មនុស្ស​ជោគជ័យ នឹង​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​ដែរ។ អ្នកណា​ក៏​អាច​ក្លាយ​ជា​មិត្តភក្ដិ​របស់​អ្នក​​បាន​ដែរ ប៉ុន្តែ​រើស​អ្នក​​ជោគជ័យ​ជាង​អ្នក គឺ​ជា​រឿង​ល្អ​បំផុត។
៤.រៀន​​ពី​ចំណេះដឹង​បច្ចេកវិទ្យា​ថ្មីៗ
ចំណេះ​ដឹង​បច្ចេកវិទ្យា មិន​សម្រាប់​តែ​អ្នក​ចាប់​ជំនាញ IT តែ​មួយ​មុខ​នោះ​ទេ។ ទោះ​អ្នក​រៀន​ច្បាប់​ក្តី ទីផ្សារ​ក្តី ធនាគារ​ក្តី ឬ វិស័យ​ផ្សេងៗ​ទៀត អ្នក​គួរ​មាន​ចំណេះ​ដឹង​បច្ចេកវិទ្យា​នេះ​ឲ្យ​បាន​ច្រើន ព្រោះ​ថា​ នៅ​សតវត្ស​ទី​២១​នេះ បច្ចេកវិទ្យា​បាន​ដើរ​តួនាទី​សំខាន់​ណាស់​នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ពិភពលោក។ ជំនាញ​កុំព្យូទ័រ កាត់ត ឌីសាញ សរសេរ​កូដ ​គូរ​ប្លង់ បណ្ដាញ​សង្គម ជា​ដើម​គឺ​សុទ្ធតែ​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដើម្បី​បំពេញ​ឲ្យ​ការងារ​​ប្រចាំ​ថ្ងៃ​របស់​អ្នក។
​​៥.រៀន​​បង្កើត​ក្តី​​ស្រលាញ់ និង​ស្វែង​យល់​ពី​ស្នេហា
ចង់​ឬ​មិន​ចង់ គ្មាន​អ្នកណា​ម្នាក់​អាច​គេច​ផុត​ពី​រឿង​នេះ​បាន​ទេ។ អ្នក​គូរ​បង្កើត​ក្តី​ស្រលាញ់​ឲ្យ​បាន​ច្រើន​ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន និង​រៀន​ស្វែង​យល់​ពី​ស្នេហា​ថា តើ​វា​ជា​អ្វី? បើ​អ្នក​ជោគជ័យ នេះ​គឺ​ជា​រឿង​មួយ​​​​គួរ​​ឲ្យ​ត្រេកអរ ប៉ុន្តែ​បើ​អ្នក​បរាជ័យ វា​គឺ​ជា​បទពិសោធន៍​សម្រាប់​អ្នក។ ភាព​​ផ្អែមល្ហែម ល្វីងជូរចត់​នៅ​ក្នុង​​ជីវិត​គូរ​ស្រករ ក្តីស្រាលញ់ វា​នឹង​ជួយ​ឲ្យ​អ្នក​កាន់តែ​រឹងមាំ​ដើម្បី​ឲ្យ​អ្នក​សួរ​ខ្លួន​ឯង​ថា តើ​គូរ​ត្រៀម​ខ្លួន​ធ្វើ​​អ្វី​ខ្លះ​​ ឬ​​​ជោគជ័យ​​​ដោយ​របៀបណា​នៅ​​លើក​ក្រោយ?
៦.រៀន​​ដើរ​​កម្សាន្ត​​​​ឲ្យ​បាន​ច្រើន
​​ក្នុង​វ័យ​នេះ អ្នក​​មិន​គួរ​សម្ងំ​នៅ​តែ​ក្នុង​ផ្ទះ ឬ​ស្គាល់​តែ​កន្លែង​មួយ​ដដែល​ៗ​នោះ​ទេ។ អ្នក​​គូរ​រៀបចំ​គម្រោង​ដំណើរ​កម្សាន្ត​ទៅ​កន្លែង​ផ្សេងៗ​ក្នុង​ប្រទេស​ឲ្យ​បាន​ច្រើន​ ឬ បើ​មាន​លទ្ធភាព​អាច​ដើរ​កម្សាន្ត​នៅ​​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​កាន់តែ​ល្អ។ ដំណើរ​កម្សាន្ត​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​​ស្គាល់​កន្លែង​ថ្មីៗ ស្គាល់​​មនុស្ស​ថ្មីៗ វប្បធម៌​រស់នៅ របៀប​រកស៊ី ការ​អភិវឌ្ឍ​​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ និង​​ត្រូវ​ចេះ​ចាប់​យក​ឱកាស​​ល្អ​ណា​មួយ​​ពី​ដំណើរ​កម្សាន្ត​នោះ​សម្រាប់​​យក​មក​សិក្សា​រៀនសូត្រ​បន្ថែម។ ​​​​​​
៧.រៀន​វិនិយោគ​ដើម្បី​​ជោគជ័យ​ក្នុង​អាជីព​ការងារ និង​ហិរញ្ញវត្ថុ
នៅ​ត្រង់​ចំណុច​នេះ អ្នក​គួរ​ទម្លាក់​ទូរស័ព្ទ​ចុះ កាត់​បន្ថយ​ការ​មើល​ទូរទស្សន៍ និង​ការងារ​ផ្សេងៗ​ដែល​ឥតប្រយោជន៍​ហើយ​​ងាក​មក​ចាប់​អារម្មណ៍​លើ​ការ​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន​ ​ចូល​រួម​សិក្ខាសាលា រៀន​វគ្គ​បណ្តុះបណ្តាល​ខ្លីៗ​ទាក់ទង​ជំនាញ​របស់​អ្នក​ ចូល​រួម​ការ​ប្រកួតប្រជែង​ផ្សេងៗ​ជា​ដើម​ដែល​​ជា​​ប្រភព​ចំណេះ​ដឹង។ នេះ​ជា​វិធីសាស្ត្រ​មួយ​ដើម្បី​ពង្រឹង និង​ពង្រីក​ចំណេះ​ដឹង​របស់​អ្នក​ឲ្យ​កាន់តែ​រីកចម្រើន។ ចំណេះ​ដឹង​របស់​អ្នក​កាន់តែ​ទូលំទូលាយ ឱកាស​ជោគជ័យ​របស់​អ្នក​មាន​ច្រើន ហើយ​នោះ​គឺ​​ការ​សម្រេច​បាន​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​នោះ​ឯង៕


Translated Source: BizKhmer

Post a Comment

0 Comments