Random Posts

វិធីឃាត់ចិត្ត៤យ៉ាង កុំឲ្យចាយលុយអត់ប្រយោជន៍ ដឹងតែសល់លុយខាប់ដូចទឹកគ្រឿង




នៅ​ពេល​ដែល​ប្រាក់​ចំណូល​កាន់​តែ​ច្រើន ធ្វើ​ឲ្យ​ចិត្ត​ចេះ​តែ​នឹក​គិត​ទិញ​នេះ ​ទិញ​នោះ មិន​ចេះ​ចប់​ មិន​ចេះ​ហើយ។ រាល់​ការ​ដក​លុយ​ចេញ​ពី​ហោប៉ៅ​ម្ដងៗ ដើម្បី​ប្រើការ​លើ​តម្រូវ​ការ​មិន​សូវ​សំខាន់​ពិត​ជា​ខ្ជះខ្ជាយ​ពេក​ហើយ តែ​ពិបាក​ត្រង់​ថា​ហាម​ចិត្ត​មិន​បាន ព្រោះ​លុយ​មាន​ក្នុង​ដៃ​ហើយ ឯ​ចិត្ត​វិញ​ក៏​​ស្រលាញ់​ទៀត រឿង​អី​មិន​ហ៊ាន​ដក​ចាយ។ តែ​ចុង​ខែ​អស់​លុយ​ហ្មត់​ទើប​នឹក​ស្ដាយ​ក្រោយ។ ខាង​ក្រោម​នេះ​ជា​វិធី​សាស្ត្រ​ឃាត់​ចិត្ត​ខ្លួន​ឯង​កុំ​ឲ្យ​ចាយ​លុយ​ផ្ដេសផ្ដាស។


១. ទោះ​ស្រលាញ់​ប៉ុណ្ណា​ក៏​ដោយ​បើ​មិន​ចាំបាច់​កុំ​ទិញ
លុយ​ពេញ​ៗ​ដៃ​ហើយ ទោះ​ដឹង​ថា​មាន​គ្រប់​គ្រាន់ ទោះ​ដឹង​ថា​មិន​ទិញ​ក៏​មិន​អី តែ​ចិត្ត​ទប់​មិន​បាន​ចង់​តែ​ទិញ។ វិធី​មួយ​អាច​គេច​ផុត​ពី​ចិត្ត​មានះ​មួយ​នេះ គឺ​ដើរ​ចេញ​តែ​ម្ដង​កុំ​នៅ​លឹបល កុំ​នៅ​ស្ទាបស្ទង់ ព្រោះ​ពិចារណា​កាន់​តែ​ច្រើន ធ្វើ​ឲ្យ​ចង់​តែ​ទិញ​កាន់​តែ​ខ្លាំង។ ឧទាហរណ៍​ថា សំលៀក​បំពាក់​ទើប​តែ​ចំណាយ​ពេល​ទិញ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់​តែ​ឃើញ​ម៉ូត​ស្អាត​ចេញ​ថ្មី ឬ​ជូន​មិត្ត​ភក្ដិ​ទៅ​ទិញ​ទ្រាំ​មិន​បាន ក៏​ទៅ​ទិញ​ដែរ​បាត់។
ប្រសិន​បើ​មិន​ចង់​ចំណាយ​លុយ​ផ្ទួនៗ​គ្នា មិន​ចាំបាច់​យក​ខួក្បាល​ទៅ​គិត​ថា គួរទិញ​ឬ​មិន​គួរ បើ​ដឹង​ថា​មាន​គ្រប់គ្រាន់​ហើយ ទើប​តែ​ចំណាយ​ហើយ​ថ្មីៗ ចម្លើយ​តែ​មួយ​គត់​គឺ​កុំ​ទិញ​ទៅ​ចប់​រឿង​ហើយ។
២. នឹក​គិត​ដល់​ផែនការ​សន្សំ​ និង​របស់​ធំ​ដែល​យើង​ចង់​បាន
ពេល​គិត​ថា ចង់​ចំណាយ​លុយ​ទៅ​ហាង​ទំនើប ទៅ​កម្មវិធី​ជួបជុំ។ល។ សូម​ងាក​ទៅ​គិត​ថា យើង​ដក​ចាយ​នៅ​ពេល​នេះ ប្រៀប​ដូច​ដក​លុយ​មួយ​ផ្នែក​ក្នុង​ផែនការ​របស់​យើង។ ដូច្នេះ​ហើយ​តើ​ថ្ងៃ​ណា​នឹង​បាន​ដល់​គោល​ដៅ។ វិធី​នេះ​ជួយ​ឲ្យ​យើង​ចេះ​សន្សំ​សំចៃ ​រាល់​ការ​ដក​មួយ​រយ មួយ​រៀល គឺ​សុទ្ធ​តែ​ជា​លុយ បើ​ចាយ​បង្ហូរ​ដូច​ទឹក ទៅ​លើ​នេះ​បន្តិច​ លើ​នោះ​បន្តិច សួរ​ថា​តើ​ថ្ងៃ​ណា​សល់​លុយ​នឹង​គេ?
ត្រង់​ចំណុច​នេះ​ក៏​មិន​មែន​មាន​ន័យ​ថា ឲ្យ​គម្រិះ​រហូត​លែង​ហ៊ាន​ហូប​ចុក​នោះ​ទេ តែ​ការ​ចំណាយ​នីមួយៗ គឺ​ទៅ​លើ​តម្រូវ​ការ​ដែល​ខាន​មិន​បាន។ ចំណាយ​ណា​ដែល​ខាន​បាន គូរ​តែ​ឈប់​ចំណាយ​ទៅ ព្រោះ​ថា​បើ​ទោះ​ជា​ចាយ​លើ​អ្វី​ដែល​មិន​ចាំបាច់​អស់​រាប់​លាន​ទៀត ក៏​មិន​បាន​ផ្លែ​ការ​អ្វី​មក​វិញ​ឡើយ។
៣. នឹក​គិត​ដល់​ពេល​យើង​មិន​ទាន់​មាន​លុយ​ចាយ​សម្បូរ​ហូរហៀរ
តាម​ទ្រឹស្ដី​សេដ្ឋកិច្ច នៅ​ពេល​ប្រាក់​ចំណូល​កាន់​តែ​ច្រើន ធ្វើ​ឲ្យ​មាន​តម្រូវ​ការ​កាន់​តែច្រើន​ដូចគ្នា។ ជា​ការ​ពិត​គ្មាន​នរណា​ម្នាក់​អាច​ជៀស​ផុត ពី​ទ្រឹស្ដី​នេះ​ឡើយ ព្រោះ​ចរិត​ពី​ធម្មជាតិ​របស់​មនុស្ស គឺ​បែប​នេះ​ឯង។ ដូច្នេះ​ហើយ​មាន​តែ​វិធី​កាត់​បន្ថយ​តម្រូវ​ការ​ប៉ុណ្ណោះ ដើម្បី​មាន​លុយ​សន្សំ​ខ្លះ។
ប្រសិន​បើ​គិត​ថា ខ្លួន​ឯង​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​មិន​ចេះ​គ្រប់គ្រង​លុយ ចាយ​លុយ​មិន​សល់ ទោះ​ប្រាក់​ចំណូល​ច្រើន​ប៉ុណ្ណា គឺ​ត្រូវ​សួរ​ខ្លួន​ឯង​ថា៖ «កាល​ពី​មុន​ប្រាក់​ខែ​ប៉ុន​នេះ​សោះ​ម៉េច​ខ្ញុំ​ចាយ​គ្រប់ កាល​ពី​មុន​មួយ​ថ្ងៃ​ខ្ញុំ​ចាយ​តែ​ប៉ុន​នេះ​សោះ ម៉េច​ក៏​ខ្ញុំ​រស់​បាន»? ទាំង​នេះ​សុទ្ធ​តែ​ជា​សំណួរ​ដែល​ត្រូវ​សួរ​ខ្លួន​ឯង។
ការ​រំលឹក​ខ្លួន​ឯង​បែប​នេះ ដើម្បី​កុំ​ឲ្យ​យើង​ភ្លើត​ភ្លើន​ទៅ​តាម​ទឹក​លុយ ឲ្យ​នឹក​ឃើញ​កាល​យើង​មិន​ទាន់​មាន​លុយ​ច្រើន។ វិធី​នេះ​ជួយ​ឲ្យ​យើង​ហ៊ាន​លះបង់​នូវ​ការ​ចំណាយ​មួយ​ចំនួន តាម​បែប​ផែន​អ្នក​មាន​ ហើយ​ងាក​មក​រស់​នៅ​តាម​បែប​យើង​កាល​ពី​មុន​វិញ។ តែ​មិន​មែន​មាន​ន័យ​ថា​ឲ្យ​ធ្វើ​តោកយ៉ាក ខោ​មិន​ខោ​អាវ​មិន​អាវ​ឡើយ គ្រាន់​តែ​កុំ​ឲ្យ​ធ្វើ​អ្វី​ដែល​លើស​ខ្លាំង​ពេក រហូត​ភ្លេច​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។
៤.កុំ​ព្យាយាម​សម្រប​ខ្លួន​ទៅ​តាម​សម្ភារៈ​និយម និង​ភាព​ឡូយ​ឆាយ
ទូរសព្ទ​ចេញ​ស៊េរី​ថ្មី​ក៏​កុំ​ទៅ​ខ្វល់ ខោអាវ​ចេញ​ដល់​ម៉ូត​ណា​ធ្វើ​មិន​ឃើញ ប្រេន​ល្បី​ប៉ុណ្ណា​ក៏​មិន​ខ្វល់ ប្រសិន​បើ​ពិត​ជា​ចង់​សល់​លុយ​មែន។ ថ្វី​ត្បិត​តែ​ថា ប្រាក់​ចំណូល​របស់​យើង​អាច​ដើរ​ទាន់​សម័យ​កាលបាន អាច​លេង​ខ្លួន​បាន អាច​ដូរ​ទូរសព្ទ​​ថ្មី​បាន តែ​បើ​មួយ​ខែ​ៗ​មិន​ដែល​មាន​លុយ​សល់​ក្នុង​កុង​ផង​នោះ តើ​នេះ​ហៅ​ថា​អ្នក​មាន​បាន​យ៉ាង​ដូច​ម្ដេច?
បើ​មាន​លទ្ធភាព​ចាយ​ទៅ​តាម​ចិត្ត ហើយ​មាន​លុយ​កាក់​នៅ​សល់​ទៀត នោះ​មិន​មែន​ជា​បញ្ហា​ឡើយ តែ​បើ​ចំណាយ​មិន​មើល​មាឌ​ នោះ​ហើយ​ជា​បញ្ហា។ ដូច​នេះ សូម​រក្សា​ការ​ចំណាយ​ឲ្យ​សម​ស្រប​នឹង​លទ្ធភាព​របស់​ខ្លួន​ឯង ដើម្បី​សល់​លុយ​សម្រេច​គោលដៅ​ធំ​ទៅ​ថ្ងៃ​មុខ។
សូម​ជម្រាប​ជូន​ថា ៤វិធី​សាស្ត្រ​ខាង​លើ​នេះ Sabay បាន​សម្ភាសន៍​តាម​សារ​អេឡិច​ត្រូនិក​ជាមួយ​សាស្ត្រាចារ្យ​សេដ្ឋកិច្ច សេង សុក​ហាក់ កំពុង​បង្រៀន​នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ​កន្លែង នៅ​រាជធានី​ភ្នំពេញ៕


Source: Sabay News

Post a Comment

0 Comments